Tuesday, February 23, 2016

ភរិយា ព្រាប សុវត្ថិ​៖ ស្វាមី​ខ្ញុំ​ជា​មនុស្ស​ល្អ​ស្មោះ​ស្នេហ៍ខ្លាំងណាស់

ប្រុសៗ​ល្បីឈ្មោះ​ដល់​កំពូល​គេ​ច្រើនតែ​ឃើញ​បុរសៗ​នោះ​សំបូរ​ស្នេហ៍​ធ្វើ​ឲ្យ​ភរិយា​លំបាក​ចិត្ត ធ្វើ​ឲ្យ​រង្វង់​គ្រួសារ​ច្រើន​រកាំរកូស រង្គោះរង្គើ ឬ​អាច​ឈានទៅ​បែកបាក់​តែម្តង​។ ពិសេស​តារា​សិល្បៈ​ដែល​ច្រើន​យកគ្នា​ជា​អ្នកសិល្បៈ​ដូចគ្នា ច្រើនតែ​ល្អូកល្អើន តែ​ដំបូង តែ​ក្រោយមក​ដោយសារ​អំនួត​នៃ​កេរ្តិ៍ឈ្មោះ ចិត្ត​មានះ ខ្វះ​ការយោគយល់​អធ្យាស្រ័យ​ពីគ្នា ក៏​ធ្វើ​ឲ្យ​ពួកគេ​រត់ទៅរក​ថ្មី​រៀងៗ​ខ្លួន​។
ប៉ុន្តែ​ដោយឡែក​គេ​សង្កេតឃើញ​កំពូល​តារាចម្រៀង​ព្រាប សុវត្ថិ ថ្វីត្បិតតែ​លោក​ល្បី​លើសគេ តែ​លោក​ដូច​ពុំមាន​លេចឮ​ល្បី​រឿង​ខិលខូច​ស្នេហ៍​ក្រៅ​តម្រា​ធ្វើ​ឲ្យ​ភរិយា​លំបាក​ចិត្ត​ទេ ដែល​រឿងនេះ​ភរិយា​លោក​បាន​សរសើរ​ប្តី​យ៉ាងខ្លាំង​ថា​ជាម​នុស្ស​ល្អ​សម្រាប់​ភរិយា និង​គ្រួសារ​។
អ្នកស្រី ឡុង ស្រីមុំ ភរិយា​លោក​សុវត្ថិ​និយាយថា ខ្ញុំ​ជឿថា គ្មាន​នរណា​ស្គាល់​ស្វាមី​របស់ខ្ញុំ​ច្បាស់​ជាង​ខ្ញុំ​នោះទេ ព្រោះ​គ្រប់ពេល​មិន​ថា​ទៅ​ជួប​អ្នកណា ប្រុស ឬក៏​ស្រី​គ្រប់​ទីកន្លែង ស្វាមី​របស់ខ្ញុំ​តែងតែ​ផ្តល់​កិត្តិយស​ឱ្យ​ខ្ញុំ​ទៅជា​មួយ​ជានិច្ច ។​
អ្នកស្រី ឡុង ស្រីមុំ បាន​បន្តទៀតថា បើ​និយាយ​ពី​ស្វាមី​របស់ខ្ញុំ​វិញ​ធម្មតា​ទេ គាត់​ជា​ប្រុស​ស្អាត​ហើយ​ជាតា​រា​ល្បីឈ្មោះ​ទៀត តែងតែមាន​ស្រី​ស្អាត​ស្រឡាញ់​ចូលចិត្ត ហើយ​គាត់​ក៏បាន​ត្រឹមតែ​ញញឹម​ស្វាគមន៍​តប​វិញ​នូវ​ក្តី​ស្រឡាញ់​ចូលចិត្ត​ទាំងនោះ ក្នុងនាម​គាត់​ជា​តារា​សិល្បៈ​ប៉ុណ្ណោះ ។
ខ្ញុំ​មិនដែល​មានចិត្ត​គំនិត​អ្វី​ទៅ​ប្រចណ្ឌ​នឹង​គាត់​ទេ ព្រោះ​ស្វាមី​របស់ខ្ញុំ បើ​មិនល្អ​ទេនោះ ម្ល៉េះ​សម​ខ្ញុំ​រស់នៅ​ជាមួយ​គាត់​មិន​បានឡើយ ។ ខ្ញុំ​សូម​អះអាងថា​ស្វាមី​របស់ខ្ញុំ​គឺ​គាត់​ជា​មនុស្ស​ប្រុស​១០០​ភាគរយ​។
ជីវិត​ស្នេហ៍
លោក ព្រាប សុវត្ថិ កើត​ក្នុង​ឆ្នាំ​១៩៧៥ គឺ​ខណៈពេល​ប្រទេស​ត្រូវ​ខ្មែរក្រហម​កាន់កាប់ ហើយ​ត្រូវគេ​ជម្លៀស​ពី​ភ្នំពេញ ហើយ​រូបលោក​ត្រូវបាន​ប្រសូត្រ​ក្នុង​ហេតុ​កល​យុគ​នោះ គឺ​កើត​នៅតាម​ផ្លូវថ្នល់ ក្រោម​ដើម​ស្នាយ​ដូច្នេះហើយ​ទើប​រូបលោក​មានឈ្មោះ​ក្រៅ​មួយទៀត​«​ស្នាយ​»​។​
លោក​បាន​ចម្រើន​វ័យ​នៅ​ឃុំ​កោះ​ខែល ស្រុក​ស្អាង ខេត្តកណ្តាល ។ គេ​បានធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុកកំណើត​មក​រស់នៅ​ភ្នំពេញ​ជាមួយ​អ្នក​ម្តាយ​របស់គេ​ក្នុង​ឆ្នាំ​១៩៨១ ។ ពិតមែនតែ​គេ​មាន​រូបរាង​ស្អាត​សង្ហា ប៉ុន្តែ​លោក​សុវត្ថិ ពុំមែន​ជា​បុរស​សំបូរ​ស្នេហ៍​ឡើយ ។ លោក សុវត្ថិ ប្រាប់ថា មួយ​ឆាកជីវិត​យុវវ័យ​របស់គេ​នេះ គេ​បាន​ជួបប្រទះ​នូវ​ក្តី​ស្នេហ៍​តែ​ម្តងគត់ ហើយ​ក្តី​ស្នេហ៍​នេះ​ក៏​ឈាន​មកដល់​ជីវិត​អាពាហ៍ពិពាហ៍​តែម្តង ក្រោយ​ពេលដែល​គេ​បាន​ព្យាយាម​ស្វែងយល់​ចិត្តថ្លើម​គ្នា​ច្បាស់លាស់​អស់​រយៈពេល​ជិត​១​ឆ្នាំ​ហើយ​ក្រោយមក ដែល​ជីវិត​អាពាហ៍ពិពាហ៍​នេះ​ចាប់បដិ​ស​ន្ឋិ​ឡើង​កាលពី​ខែមេសា ឆ្នាំ​១៩៩៧ តាំងពី​រូបគេ​មិនទាន់​មានឈ្មោះ​ល្បីល្បាញ​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​នេះ​ម្ល៉េះ ។
ភរិយា​លោក ព្រាប សុវត្ថិ ឈ្មោះ ឡុង ស្រីមុំ ឆ្នាំនេះ​មាន​អាយុ​៣៧​ឆ្នាំ​ជា​អ្នកស្រុក​ខេត្តកំពង់ចាម ។ លោក ព្រាប សុវត្ថិ និង​ភរិយា​បានចាប់ផ្តើម​ស្គាល់គ្នា​ដំបូង​នៅ​រង្គសាល​មួយ​ក្នុង​ក្រុងភ្នំពេញ ។
កាលណោះ​លោក សុវត្ថិ​និង​លោក ឡុង ប៊ុណ្ណា (​បង​បង្កើត​របស់​ភរិយា​) ច្រៀង​ជាមួយគ្នា​នៅ​ទីនោះ​ហើយ​មាន​ថ្ងៃមួយ នាង​ជាមួយ​អ្នក​ម៉ាក់​របស់​នាង​បាន​ទៅលេង​នៅ​រង្គសាល​នោះ ក៏​ចាប់ផ្តើម​ស្គាល់គ្នា រួច​វេញ​ជា​ចំណង​ស្នេហ៍​ឈានដល់​ថ្ងៃ​រៀប​មង្គលការ​ហើយ​ក្លាយជា​ស្វាមីភរិយា​មកដល់​សព្វ​ថ្ងៃនេះ​៕DNT