កាតសម្រាប់ប្រើប្រាស់រថភ្លើងក្រោមដី ដែលមានភ្ជាប់ជាមួយរូបតារាសិចស្រីដ៏ល្បី ប្រមាណរាប់មឺុនកាត ត្រូវបានលក់ដាច់អស់គ្មានសល់ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពេលដាក់លក់ដោយក្រុមហ៊ុន ដែលមានមូលដ្ឋាននៅតៃវ៉ាន់មួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ គេហទំព័រព័ត៌មាន Focus Taiwan។
កាត EasyCard (កាតសម្រាប់ប្រើប្រាស់ផ្លូវរថភ្លើងក្រោមដី) ដែលមានចំនួនប្រមាណ១៥០០០កាតនេះ ត្រូវបានគ្របពីលើជិតឈឹង ដោយរូបភាពរបស់អ្នកនាង Yui Hatano ជាពិសេសកាតនេះមានតម្លៃដល់ទៅ៥០០ដុល្លារ ហើយវាត្រូវបានលក់អស់ក្នុងរយៈពេល ត្រឹមតែបួនម៉ោងប៉ុណ្ណោះ។
កាតដ៏ពិសេសនេះ ត្រូវបានបែងចែកជាពីរប្រភេទ គឺមួយមានរូបអ្នកនាង Hatano ពាក់រ៉ូបពណ៌ខ្មៅ ដែលគេឲ្យឈ្មោះថា “Demons” និងមួយទៀតមានឈ្មោះថា “Angels” ដោយនាងបានពាក់រ៉ូបពណ៌ស ហើយប្រាក់មួយផ្នែក ដែលបានមកពីការលក់កាត នឹងត្រូវបរិច្ចាគទៅឲ្យអង្គការសប្បុរសធម៌។
ទោះបីជាយ៉ាងនេះក្ដី កាតនេះបានទទួលការរិះគន់ជាច្រើន ជាពិសេសកាតដែលមានឈ្មោះថា “Angels” ព្រោះមានអតិថិជនមួយចំនួននិយាយថា រូបនេះបានយកមកពីសំបកឌីស ហើយទន្ទឹមគ្នានោះ សូម្បីតែអភិបាលក្រុងតៃប៉ិក៏សួរដេញដោលក្រុមហ៊ុននេះ ទាក់ទងវិធីសាស្ត្រក្នុងការធ្វើជំនួញនេះដែរ។
យ៉ាងណាមិញក៏សូមបញ្ជាក់ផងដែរថា អ្នកនាង Yui Hatano គឺជាម្ចាស់ពានរង្វាន់តារាសិចស្រីដ៏ល្អជាងគេ ប្រចាំឆ្នាំ២០១៤ នៅក្នុងកម្មវិធី Sky PerfecTV! Adult Broadcasting Awards ហើយដោយសារកេរ្តិ៍ឈ្មោះដ៏ល្បីបែបនេះ វាក៏បានក្លាយជាតិចនិកធ្វើជំនួញដ៏អស្ចារ្យមួយ ក្នុងការធ្វើអាជីវកម្មផ្សេងៗផងដែរ។