Thursday, December 10, 2015

នារី​ស្រស់​ស្អាត​វ័យក្មេង​ម្នាក់​ តែ​មាន​ចិត្ត​អប្រីយ៍ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បុក​ជនរងគ្រោះ

ភ្នំពេញ ៖ នារី​ស្រស់​ស្អាត​វ័យក្មេង​ម្នាក់​ តែ​មាន​ចិត្ត​អប្រីយ៍ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​បុក​ជនរងគ្រោះ
បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​របួស​ធ្ងន់​២​នាក់​ ហើយ​បើក​ហួស​ចម្ងាយ​២០០​ម៉ែត្រ​ ស្រាប់តែ​បត់​ត្រឡប់​ក្រោយ មក​បុក​ម្តងទៀត​បណ្តាល​ឲ្យ​ប៉ូលិស​ម្នាក់​ និង​ប្រជា​ការពារ​ម្នាក់ទៀត​រង​របួស​ធ្ងន់​បន្ថែម​ទៀត ក៏​ត្រូវ​សមត្ថកិច្ច​ ចាប់​បាន​តែម្ដង។​
ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​យប់​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែ​ធ្នូ​ ឆ្នាំ ២០១៥​ វេលា​ ម៉ោង​២៤​ម៉ោង​១៥​នាទី​ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុម​ទី​៤​ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ។​
លោក​ ទូច​ គឹម​សុង នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឫស្សីកែវ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បង្ក​ឡើង​ដោយ​ រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម​ ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​២R៨៣៩៥​ អ្នកបើកបរ​ឈ្មោះ រ៉ូ​នី សេរី​វ​ឌ្ឍ​នា ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ជា​និស្សិត មាន​ទីលំនៅ​ផ្ទះ​លេខ​៤២P ផ្លូវ​លេខ​១៥ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ។ ចំណែក​ជនរងគ្រោះ​៣​នាក់​មាន​ម្នាក់​ឈ្មោះ ឡុង ភេទ​ប្រុស​ក្រៅពី​នោះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ដែល​ទាំង​៣​នាក់​បើកបរ​ម៉ូតូ​ម៉ាក​ឌូប ពាក់​ស្លាក​លេខ​ភ្នំពេញ ១FF ០០៩៩ ពណ៌​ខ្មៅ​ទឹកក្រូច។
លោកនាយ​ប៉ុស្តិ៍​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​ នារី​ម្នាក់​តាម​បណ្ដោយ​ផ្លូវជាតិ​ លេខ​៥​ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចំណែក​ម៉ូតូ​មកពី​ត្បូង​ទៅ​ជើង ខណៈ​មកដល់​ចំណុច​ កើត ហេតុ​ ក៏បាន​បុក​ម៉ូតូ​រងគ្រោះ​យ៉ាង​ពេញទំហឹង បណ្ដោយ​ម៉ូតូ​ដួល​អ្នក​បើកបរ​ស្លាប់​ម្នាក់​របួសធ្ងន់​២​នាក់។​
ក្រោយពេល​កើតហេតុ​ភ្លាមៗ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ​ និង​ប្រជា​ការពារ​ដែល​ល្បាត​បាន​ទៅ ជួយ​ធ្វើ​ អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ ពេលនោះ​ស្រាប់តែ​រថយន្ត​បង្ក​បុក​គេ រួច​បើក​រត់​បាន​ប្រហែល​២០០​ម៉ែត្រ
ក៏​បត់​ត្រឡប់​មក​ក្រោយ​វិញ​បុក​ម្តង​ទៀត ក៏​ត្រូវ​ចំ​នគរបាល​ប៉ុស្តិ៍​ឫស្សី​កែវ​ម្នាក់​ឈ្មោះ អ៊ុម ភក្ត្រា និង​ប្រជា​ ការពារ​ម្នាក់​ឈ្មោះ អ៊ុក ចាន់​ធិ​ម​ ដែល​កំពុង​ជួយ​អន្តរាគមន៍ បណ្តាល​ឲ្យ​រង​របួស​ទាំងពីរ​នាក់។
បន្ទាប់ពី​ឃើញ​កាយវិការ​អគតិ​របស់​អ្នកបើកបរ​ជា​នារី​បែបនេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើ​សកម្មភាព​ ស្ទាក់​ឃាត់​បាន​រថយន្ត​ និង​អ្នកបើកបរ​បញ្ជូន​ភ្លាមៗ​ផង​ដែរ។​
ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​រងរបួស​ទៅ​មន្ទីរពេទ្យ​ និង​បញ្ជូន​នារី​សង្ស័យ និង​មធ្យោបាយ​ ទាំង អស់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​បំពេញ​នីតិ​វិធី​ទៅតាម​ផ្លូវច្បាប់។​
គេ​ចាំ​មើល​ថា​ តើ​ករណី​ចេតនា​ប៉ង​បុក​សម្លាប់​ ហើយ​ត្រឡប់​ក្រោយមក​បុក​ម្តង​ទៀត បណ្តាល​ឲ្យ​សមត្ថកិច្ច​ របួស​បែប​នេះ ជន​បង្ក​អាច​ជាប់គុក​ឬទេ ឬក៏​មាន​អ្នក​រត់​ការ​អន្តរាគមន៍​ដោះលែង​បាត់​ទៀត កម្ពុជា​ថ្មី​នឹង​តាម ដាន​រឿង​នេះ​រហូត​ដល់​ទីបញ្ចប់៕​