Saturday, August 20, 2016

សុវត្ថិភាពចំណីអាហារ និងសុខភាពរបស់អ្នកប្រើប្រាស់ ដែលជាប្រជាជនខ្មែរកំពុងស្ថិតក្នុងស្ថានភាពព្រួយបារម្មណ៍។

កម្ពុជា​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ជាង​៥០%​ដោយ​គ្មាន​ពិនិត្យ​លើ​ផ្នែក​គុណភាព និង​សុខភាព​នៅ​តាម​ព្រំដែន​

(​ភ្នំពេញ​) ៖ ប្រទេស​កម្ពុជា​បាន​នាំចូល​បន្លែ​ពី​ប្រទេសជិតខាង គិត​ជា​ទឹកប្រាក់​ប្រហែល​២០០​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ ដើម្បី​បង្គ្រប់​ការផ្គត់ផ្គង់​ក្នុងស្រុក ដែល​មាន​តម្រូវការ​ប្រចាំ​ថ្ងៃ​ប្រមាណ​ជាង​៤០០​តោន​។​
     ​
​របាយការណ៍​ពី​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានឱ្យដឹងថា យ៉ាងហោច​ណាស់​បន្លែ​ជាង​១៤​ម៉ឺន​តោន​ត្រូវបាន​នាំយក​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​ជា​រៀងរាល់ឆ្នាំ​។ បរិមាណ​នាំចូល​នេះ​បើ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​២០០​លាន​​ដុល្លារ​អាម៉េរិក​។​

​ដោយឡែក​តាម​របាយការណ៍ របស់​ជំនាញ​ផ្នែក​ត្រួតពិនិត្យ​គុណភាព​ផលិតផល​កសិកម្ម​នៃ​អង្គការ​GIZ​ប្រទេស​អាល្លឺម៉ង់​បាន​​រកឃើញថា ប្រទេស​កម្ពុជា បាន​នាំ​ចូល​បន្លែ​ពី​ប្រទេស​វៀតណាម និង​ថៃ ជាង​៥០​ភាគរយ​។​បន្លែ​ទាំងនោះ​មិន​ត្រូវ​បាន​ពិនិត្យ​​លើ​ផ្នែក​គុណភាព និង​សុខភាព​នៅ​តាម​ព្រំដែន​មុន​នឹង​ធ្វើការ​នាំចូល​នោះទេ​។ បន្លែ​ដែល​នាំចូល ចន្លោះ​ពី​២០០​ទៅ​៣០០​តោន​​ក្នុង​មួយ​ថ្ងៃៗ ជារឿយៗ តែង​ភ្ជាប់​ជាមួយ​នូវ​សារធាតុពុល​។

​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បម្រុង​ថវិកា​២០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជំរុញ​ផលិតកម្ម​ស្រូវ និង​បន្លែ​សម្រាប់​ឆ្នាំ​២០១៦-២០១៨ សំដៅ​កាត់បន្ថយ​ការ​នាំចូល​ពី​បរទេស​។ ក្នុង​ឆ្នាំ​២០១៦​នេះ រាជរដ្ឋាភិបាល ក៏​បាន​ស្នើ​សភា​អនុម័ត​ខ្ទង់ចំណាយ​ទៅលើ​វិស័យ​​កសិកម្ម​នូវ​ថវិកា​សរុប​ជាង​៤៦​លាន​ដុល្លារ​អាម៉េរិក ឱ្យ​ទៅ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ដើម្បី​ជំរុញ​ផលិតកម្ម​ស្បៀង​ឱ្យបាន​ក្នុង​រង្វង់​៥​ភាគរយ ក្នុង​មួយ​ឆ្នាំ​។​

​ជាមួយគ្នានេះដែរ លោក ហ៊ាន វណ្ណ​ហន អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ធ្លាប់​បាន​ឱ្យដឹង ថា ផ្នែក​ជំនាញ​របស់​រាជ​រដ្ឋា​ភិបាល​កំពុង​ធ្វើ​កិច្ច​ការ​កំណត់​ស្តង់ដា​រ​បន្លែ​សរីរាង្គ​ជាមួយ​មន្ត្រី​កសិកម្ម​នៅក្នុង​ប្រទេស​សមាជិកសមាគម​អាស៊ាន​ទាំង​១០​ប្រ​​ទេស ដែល​នឹង​បាន​ជា​ប្រយោជន៍​ដល់​កសិករ​ដាំ​ដំណាំ​សរីរាង្គ​នៅ​ទូទាំង​សមាគម​អាស៊ាន​។​

​របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆ្នាំ​កន្លង​ទៅ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​បន្លែ​មាន​ជាង​៥​ម៉ឺន​ហិកតា ហើយ​ទទួលបាន​ទិន្នផល​ជិត​៤​សែន​តោន ក្នុង​នោះ​ខេត្ត​មាន​សក្តានុពល​ដាំ​ដុះ​ខ្លាំង​មាន ខេត្ត​កំពង់ចាម តាកែវ កំពង់ឆ្នាំង កំពង់ស្ពឺ និង​កណ្តាល​៕