Thursday, September 24, 2015

បន្ទាប់ពីអ្នកបានដឹងពី ផលប៉ះពាល់នៃការ មិនញុំាអាហារព្រឹករួច តើអ្នកនឹងរំលងការញុំា

បន្ទាប់ពីអ្នកបានដឹងពី ផលប៉ះពាល់នៃការ មិនញុំាអាហារព្រឹករួច តើអ្នកនឹងរំលងការញុំា អាហារពេលព្រឹកទៀតទេ?
មានមនុស្សជាច្រើនតែងតែរំលង ការញុំាអាហារព្រឹក។ មានមូលហេតុជាច្រើនដែលធ្វើអោយពួកគេរំលងដួចជា គេងខកម៉ោង, មិនសូវឃ្លាន, មិនចង់ញុំា និង រវល់ជាដើម។ ប៉ុន្តែការពិតទៅអ្នកមិនគួររំលងការញុំាអាហារព្រឹកទេ ទោះតែអ្នកមិនឃ្លាន រឺរវល់យ៉ាងណាក៏ដោយ។ ផលប៉ះពាល់នៃការមិនញុំាអាហារព្រឹកមានដូចជា៖
១. ធ្វើអោយការដុតរំលាយអាហាររបស់អ្នកចុះខ្សោយ
រឿងដែលអាក្រក់បំផុតដំបូងគេនៃការរំលងអាហារព្រឹកគឺធ្វើអោយការដុតរំលាយអាហាររបស់អ្នកចុះខ្សោយ។
២. ធ្វើអោយការផ្តោតអារម្មណ៍របស់អ្នកធ្លាក់ចុះ
ប្រសិនបើអ្នកធ្លាប់ខកខានមិនបានញុំាអាហារ អ្នកច្បាស់ជាដឹងហើយថា វាធ្វើអោយអ្នកមិនអាច ផ្តោតអារម្មណ៍បានសូម្បី តែរឿងធម្មតាក៏ដោយ។
៣. ធ្វើអោយថាមពលរបស់អ្នកចុះខ្សោយ
ពេលដែលអ្នករំលងការញុំាអាហារព្រឹក វាមិនអាចផ្តល់ថាមពលដល់រាងកាយរបស់អ្នកទេ។
៤. បញ្ចុះកំរិតជាតិស្ករក្នុងឈាម
ពេលដែលកំរិតជាតិស្ករក្នុងឈាមរបស់អ្នកចុះក្រោម 4.0mmol វាធ្វើអោយអ្នកបែកញើស, វិលមុខ, ចង្អោរចង់ក្អួត និង ញ័រ។ ដូចនេះសូមកុំរំលងការញុំាអាហាររបស់អ្នកដើម្បីទប់ស្កាត់ការកើតមានឡើងបញ្ហាទាំងនេះ និងជំរុញការដុតរំលាយអាហាររបស់អ្នកក្នុងពេលតែមួយ។
៥. ធ្វើអោយអ្នកឃ្លាននៅមុនពេល
ពេលដែលអ្នកមិនបានញុំាអាហារព្រឹកទេ អ្នកនឹងឃ្លាន ហើយចេះតែរកនេះរកនោះញុំាកំដរមាត់។ ពេលដែលអាហារថ្ងៃត្រង់មកដល់អ្នកបែរជាមិនឃ្លាន ព្រោះអ្នកញុំាអាហារសំរន់ឆ្អែតទៅហើយ។ ពេលខ្លះអាហារសំរន់ដែលអ្នកញុំា អាចជាអាហារដែលមានជាតិខ្លាញ់ច្រើន រឺជាតិស្ករខ្ពស់ដែលធ្វើអោយអ្នកឡើងទំងន់។
៦. អាចធ្វើអោយអ្នកញុំាច្រើនជ្រុល
ការដែលអ្នករំលងការញុំាអាហារព្រឹក មិនត្រឹមតែធ្វើអោយអ្នកញុំាអាហារខុសប៉ុណ្ណោះទេ ប៉ុន្តែវាធ្វើអោយអ្នកញុំាច្រើនពេញមួយថ្ងៃទៀតផង។ ដែលមានន័យថាអ្នកនឹងជ្រើសរើសញុំាអាហារដែលឥតប្រយោជន៍ជំនួសអាហារព្រឹករបស់អ្នក ហើយវាធ្វើអោយឃ្លានឥតឈប់ឈរ។ ដល់ម៉ោងបាយអ្នកបែរជាមិនឃ្លាន តែបែរជាឃ្លានពេលដែលចន្លោះម៉ោង។
៧. ធ្វើអោយមិនអាចបញ្ចុះទំងន់បាន
ដូចដែលយើងបានលើកឡើងខាងលើថា ការរំលងការញុំាអាហារព្រឹកធ្វើអោយការដុតរំលាយអាហាររបស់អ្នកចុះខ្សោយ ដែលមានឥទ្ធិពលដល់ការដុតបំផ្លាញជាតិខ្លាញ់ និង កាឡូរី។
៨. ធ្វើអោយអ្នកមានអារម្មណ៍មួរម៉ៅ
ពេលដែលអ្នកមិនញុំាអ្វីសោះ រហូតដល់ម៉ោងបាយថ្ងៃត្រង់។ វានឹងធ្វើអោយអ្នកអស់កំលាំងហេវហត់ ហើយក្នុងអារម្មណ៍របស់អ្នកជ្រួលច្របល់។ ពេលដែលមិនញុំាអ្វីសោះ ហើយស្របពេលដែលការងារច្រើន និង មានមនុស្សជាច្រើនសួរជុំវិញអ្នក, អ្នកនឹងមានអារម្មណ៍មួរម៉ៅ ដែលធ្វើអោយប៉ះពាល់ដល់ការងាររបស់អ្នក។
ផលប៉ះពាល់អាក្រក់ផ្សេងទៀតមានដូចជា៖ ខួរក្បាល និង ការចងចាំចុះខ្សោយ, ប្រឈមមុខនឹងហានិភ័យនៃការកើតជំងឺបេះដូង, កើតជំងឺទឹកនោមផ្អែម និងបញ្ហាសុខភាពជាច្រើនផ្សេងទៀត។ ដូចនេះអ្នកមិនគួររំលងការញុំាអាហារពេលព្រឹកទេ ទោះតែរវល់ប៉ុណ្ណាក៏ដោយគួរណាស់តែញុំានំបុ័ង លាយស៊ុតមួយគ្រាប់ និង ទឹកដោះគោមួយកែវ៕