អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា ការប្រើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូប នៅមុខរដ្ឋសភានៅថ្ងៃទី២៦ ខែតុលា ធ្វើឲ្យគេនឹកដល់ព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកដៃ ដែលប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី នៅមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧។
ការវាយប្រហារកាលនោះដែលគេសង្ស័យថា ជាប់ពាក់ព័ន្ធនឹងកងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
យូមែន រ៉ៃត៍ វ៉ច្ឆ ដែលតែងរិះគន់រដ្ឋាភិបាលលោក ហ៊ុន សែន មិនសំចៃមាត់ពីរឿងរំលោភបំពានសិទ្ធិមនុស្សនៅកម្ពុជា បានសម្ដែងការបារម្ភជាថ្មីអំពីឯករាជ្យភាពក្នុងការស៊ើបអង្កេតរបស់សមត្ថកិច្ចរដ្ឋាភិបាល ដើម្បីស្វែងរកជនដៃដល់ប្រព្រឹត្តអំពើហិង្សាទៅលើតំណាងរាស្ត្របក្សប្រឆាំងនៅពេលនេះ។ ការព្រួយបារម្ភនេះ ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដែលចេញផ្សាយជាសាធារណៈនៅថ្ងៃទី៣១ ខែតុលា។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) ថ្លែងថា ការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំងនៅពេលនេះ ធ្វើឲ្យគេនឹកទៅដល់ការវាយប្រហារគ្រាប់បែកដៃលើលោក សម រង្ស៊ី នៅឆ្នាំ១៩៩៧ ដែលលោកថា ពេលនោះកងកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលត្រូវបានគេដាក់ពង្រាយជាច្រើននៅក្បែរកន្លែងកើតហេតុ។ បើទោះជាការវាយប្រហារនោះបានបណ្ដាលឲ្យមនុស្សចំនួន ១៦នាក់ស្លាប់ និងមនុស្សប្រមាណ ១៥០នាក់ផ្សេងទៀតរងរបួសក៏ដោយ ប៉ុន្តែលោក ប្រ៊ែដ អាដាម ថា រហូតមកទល់ពេលនេះ គ្មានជនដៃដល់ណាម្នាក់ត្រូវបានអាជ្ញាធររដ្ឋាភិបាលចាប់ខ្លួនផ្ដន្ទាទោសនៅឡើយ ដោយហេតុថា ការវាយប្រហារពេលនោះ គឺមានជាប់ពាក់ព័ន្ធនឹងកងអង្គរក្សរបស់លោក ហ៊ុន សែន។
ចំណែកការប្រើហិង្សាលើតំណាងរាស្ត្របក្សប្រឆាំង ២រូប នៅពេលនេះវិញ បើទោះជាលោក ហ៊ុន សែន បានចេញបញ្ជាឲ្យស៊ើបអង្កេតតាមចាប់ជនប្រព្រឹត្តមកផ្ដន្ទាទោសក្តី ប៉ុន្តែ យូមែន រ៉ៃត៍ វ៉ច្ឆ មិនមានជំនឿទេថា ការស៊ើបអង្កេតរបស់រដ្ឋាភិបាលនឹងមានភាពឯករាជ្យ។
លោក ប្រ៊ែដ អាដាម ថ្លែងថា ដើម្បីបង្ហាញឲ្យឃើញថា រដ្ឋាភិបាលពិតជាមានការប្ដេជ្ញាចិត្តក្នុងការវែកមុខរកជនដៃដល់មកផ្ដន្ទាទោសមែននោះ រដ្ឋាភិបាលត្រូវធ្វើឲ្យការស៊ើបអង្កេតមានភាពឯករាជ្យ ហើយដើម្បីឯករាជ្យទៅបាន លុះណាតែរដ្ឋាភិបាលអនុញ្ញាតឲ្យអង្គការសហប្រជាជាតិចូលរួមក្នុងការស៊ើបអង្កេតនេះ។
យូមែន រ៉ៃត៍ វ៉ច្ឆ ដែលសង្ស័យថា ការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំងពេលនេះ អាចមានជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលដែរនោះ ក៏បានទទូចឲ្យប្រទេសម្ចាស់ជំនួយរបស់កម្ពុជា បញ្ជាក់ច្បាស់ជាមួយរដ្ឋាភិបាលកម្ពុជា ថា រាល់ការវាយប្រហាររបស់រដ្ឋាភិបាលទៅលើសមាជិកសភាមកពីគណបក្សណាមួយ នឹងធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង និងជំនួយរបស់ពួកគេផ្ដល់ឲ្យកម្ពុជា។
នេះគឺជាលើកទី២ ដែល យូមែន រ៉ៃត៍ វ៉ច្ឆ បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសចំពោះការវាយប្រហារលើតំណាងរាស្ត្របក្សប្រឆាំង ចាប់ពីមានព្រឹត្តិការណ៍កាលពីថ្ងៃទី២៦ ខែតុលា មក។ ការចេញសេចក្ដីថ្លែងការណ៍លើកទី២នេះ គឺបន្ទាប់ពីមន្ត្រីរបស់ យូមែន រ៉ៃត៍ វ៉ច្ឆ បានចុះធ្វើបទសម្ភាសន៍ផ្ទាល់ជាមួយតំណាងរាស្ត្របក្សប្រឆាំង លោក ញ៉យ ចំរើន និងលោក គង់ សភា ដែលកំពុងសម្រាកព្យាបាលមុខរបួសក្នុងមន្ទីរពេទ្យនៅប្រទេសថៃ។
លោក ញ៉យ ចំរើន និងលោក គង់ សភា បានប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា នៅថ្ងៃកើតហេតុនោះ ពួកគេឃើញមានភាពមិនប្រក្រតីមួយចំនួនបានកើតឡើងនៅមន្ទីររដ្ឋសភា។ ភាពមិនប្រក្រតីទាំងនោះមានដូចជា របាំងដែកដែលសមត្ថកិច្ចតែងដាក់រាំងនៅមុខមន្ទីររដ្ឋសភានៅពេលមានកិច្ចប្រជុំម្តងៗ ត្រូវបានដកចេញ ម៉ាស៊ីនស្កែន (Scan) ចូលសភាមិនដំណើរការ ចំណែកចំនួនសន្តិសុខក្នុងរដ្ឋសភាក៏ថយចុះ។
តំណាងរាស្ត្រទាំងពីរអះអាងថា នៅមុនពេលចាកចេញពីមន្ទីររដ្ឋសភា រថយន្តរបស់ពួកលោកមិនត្រូវបានសន្តិសុខអនុញ្ញាតឲ្យចេញតាមច្រកខាងជើងដែលធ្លាប់ចេញកន្លងមកនោះទេ តែឲ្យចេញតាមច្រកទ្វារធំទៅវិញ។ ពួកគេថា ក្រោយពីរថយន្តធ្វើដំណើរចាកចេញពីសភាបន្តិច ស្រាប់តែមានហ្វូងមនុស្សមកស្ទាក់រថយន្ត ហើយចាប់ផ្ដើមការវាយប្រហារតែម្ដង។
ការអះអាងពីភាពមិនប្រក្រតីរបស់លោក ញ៉យ ចំរើន និងលោក គង់ សភា នេះ គឺដូចគ្នាទៅនឹងការលើកឡើងរបស់តំណាងរាស្ត្របក្សប្រឆាំងលោក សុន ឆ័យ ដែលពេលនោះ ក៏មានវត្តមាននៅក្នុងមន្ទីររដ្ឋសភាផងដែរ។ តំណាងរាស្ត្របក្សប្រឆាំងសង្ស័យថា ព្រឹត្តិការណ៍នេះហាក់មានការរៀបចំទុកជាមុន។
ចំពោះបញ្ហានេះ វិទ្យុអាស៊ីសេរី បានស្នើសុំការបកស្រាយពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន ប៉ុន្តែលោកសុំមិនបកស្រាយនោះទេ ដោយលោកថ្លែងថា លោកហត់នឿយ និងចង់សម្រាក។
មួយថ្ងៃក្រោយព្រឹត្តិការណ៍ហិង្សា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតគណៈកម្មការមួយដើម្បីស្រាវជ្រាវ និងស៊ើបអង្កេត។ យ៉ាងណារហូតមកទល់ពេលនេះ មិនទាន់ឃើញសមត្ថកិច្ចចាប់ខ្លួនជនណាម្នាក់នៅឡើយ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ដើម្បីសាកសួរពីការវិវត្តន៍នៃការងារស៊ើបអង្កេតបានទេ នៅថ្ងៃទី៣១ ខែតុលា។
លោក ញ៉យ ចំរើន និងលោក គង់ សភា បានថ្លែងប្រាប់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា ពួកគេព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួន នៅពេលពួកគេវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅពេលខាងមុខ៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.