Tuesday, September 22, 2015

រឿងដែលអ្នកគួរតែធ្វើដើម្បី ជៀសវាងការស្តាយក្រោយ

មានមនុស្សជាច្រើនដែល តែងតែលាក់អារម្មណ៍ខ្លួនឯង។ អ្នកខ្លះស្រលាញ់ តែមិនហ៊ាននិយាយ។ ចំណែកអ្នកខ្លះចង់បានអ្វី ក៏មិនហ៊ានប្រាប់។ ចេះតែលាក់ទុកក្នុងចិត្ត ដល់ពេលដែលហួសពេលអស់ទើប ស្រវេស្រវារកនឹកគ្រប់មធ្យោបាយ ធ្វើបែបណាទើបអាចអោយ ពេលវេលាត្រលប់ក្រោយវិញបាន។ ពេលវេលាពីមួយថ្ងៃ ទៅមួយថ្ងៃដើរលឿនណាស់ មិនរង់ចាំមនុស្សយើងឡើយ ដូចនេះដើម្បីជៀសវាង ការស្តាយក្រោយអ្នកគួរតែធ្វើរឿងដែលអ្នកចង់ធ្វើ។
- ពេលដែលអ្នកនឹកនរណាម្នាក់ អ្នកត្រូវតែ call ទៅគេនិយាយប្រាប់គេថាអ្នកនឹកគេខ្លាំងណាស់។
- នៅពេលដែលអ្នកចង់ជួបនរណាម្នាក់ កុំនៅអង្គុយអែអង់រង់ចាំ អោយគេ​ដឹងខ្លួន ដោយឯកឯងនោះគឺមិនកើតទេ។ អ្នកត្រូវតែទៅជួបគេ។
- រាល់ពេលដែលមានគេយល់ច្រលំនឹងអ្នក អ្នកកុំនៅស្ងៀម ត្រូវតែពន្យល់គេអោយយល់ការពិត ថាមកពីបែបនេះ រឺបែបនោះ ព្រោះការយល់ច្រលំ អាចធ្វើអោយមានផលប៉ះពាល់ដល់ ទំនាក់ទំនងរបស់អ្នក។ មិនថាជាមិត្តភក្តិ រឺជាគូស្នេហ៍នោះទេ។
- នៅពេលដែលអ្នកមានចម្ងល់ រឺចង់ដឹងរឿងអ្វីមួយត្រូវតែសួរនាំ។ កុំគ្រាន់តែលឺតាមខ្យល់ ក៏គិតថាជារឿងពិត ហើយនៅស្ងៀមស្ងាត់មិនសួរមិននាំរកខុសត្រូវ។ ទង្វើរនេះអាចធ្វើអោយអ្នកមានអារម្មណ៍ស្តាយក្រោយ នៅពេលដែលអ្នកបានដឹងការពិត ប៉ុន្តែអ្វីៗហួសអស់ ព្រោះទំនាក់ទំនងរបស់អ្នកបាន ចប់សព្វគ្រប់បាត់ទៅហើយ មិនអាចស្រោចស្រង់បាន។
- នៅពេលដែលអ្នកមិនចូលចិត្តអ្វីមួយ ត្រូវតែនិយាយចេញក្រៅ ប្រាប់គេអោយដឹង ថាអ្នកមិនចូលចិត្តបែបនេះទេ ហើយព្យាយាមរកដំណោះស្រាយ។ កុំនៅស្ងៀមស្ងាត់ ខំទ្រាំរស់នៅជាមួយរបស់ដែលខ្លួនមិនចូលចិត្ត ព្រោះវាធ្វើអ្នកនឿយហត់ ហើយយូរៗទៅអ្នកនឹងមិនអាចទ្រាំរស់នៅបែបនេះបានទេ។
- ពេលដែលអ្នករកឃើញរបស់ដែលអ្នកចូលចិត្ត អ្នកត្រូវតែហ៊ានបញ្ចេញមកក្រៅ មិនថាវត្ថុ រឺមនុស្សទេ។ ពេលដែលអ្នកចូលចិត្តគេ អ្នកត្រូវតែហ៊ានទទួលស្គាល់ ហើយបញ្ចេញមកក្រៅ ដើម្បីអោយគេបានដឹង។ មិនមែនក្នុងចិត្តរបស់អ្នកចូលចិត្តគេ ប៉ុន្តែទង្វើរខាងក្រៅធ្វើដូចស្អប់គេខ្លាំងណាស់នោះទេ។
- ពេលដែលអ្នកចង់បានអ្វីមួយ អ្នកត្រូវតែពុះពារដើម្បីយកវាអោយបាន។
- ពេលដែលអ្នកស្រលាញ់នរណាម្នាក់ អ្នកត្រូវតែហ៊ានសារភាពប្រាប់គេ។ ប្រាប់គេថាអ្នកស្រសាញ់គេ។ ទោះតែលទ្ធផលដែលអ្នកទទួលបាន អវិជ្ជមានក៏ដោយ អ្នកត្រូវតែរីករាយទទួលយកការពិត ព្រោះហោចណាស់ក៏អ្នកបាននិយាយចេញពីក្នុងចិត្តរបស់អ្នកដែរ។ ជៀសវាងស្រលាញ់លាក់ទុកក្នុងចិត្ត ដល់ពេលគេរៀបការ រឺស្រលាញ់នរណាម្នាក់ អ្នកនឹងខូចចិត្ត។ ថាមិនត្រូវគេក៏ស្រលាញ់អ្នកដែរ ប៉ុន្តែដោយសារតែភាពកន្តើយរបស់អ្នក ទើបធ្វើអោយគេគិតថាអ្នកមិនស្រលាញ់គេ។
អ្នកត្រូវចាំថាជីវិតរបស់មនុស្សខ្លីណាស់ ជៀសវាងការស្តាយក្រោយ អ្នកត្រូវតែបំពេញបំណងរបស់អ្នក៕