Thursday, October 22, 2015

វិធីសាស្ត្រ​ឆ្លើយ​សំណួរ​ផ្សេងៗ ពេល​សំភាសន៍​ការងារ​

តើ​មាន​វិធីសាស្ត្រ​អ្វីខ្លះ ដែល​អាច​ជួយ​អ្នក ឲ្យទទួល​បាន​ការងារ​ធ្វើ​? ឲ្យតែ​អ្នកឆ្លើយ​ត្រូវ​សំណួរ​ដែល​សំភាសន៍ នោះ​អ្នកនឹង​អាច​ទទួលបាន ការងារ​យ៉ាង​ងាយស្រួល ដូចនេះ គួរតែ​ឆ្លើយ​ដូច​ម្តេចទៅ​?
1.​ បើ​គេ​ឲ្យ​អ្នក​ណែនាំ​ពី​ខ្លួនឯង អ្នក​មិន​ត្រូវ​និយាយ​តែ​ពី​ឈ្មោះ អាយុ ចំណង់​ចំណូលចិត្ត​អ្នក​ទេ ព្រោះ​ទាំងនេះ​សុទ្ធតែ​មាន ក្នុង​ស៊ី​វី​របស់​អ្នក ប៉ុន្តែ អ្នក​ត្រូវ​តែ​និយាយ​ពី សមិទ្ធិផល​ផ្សេងៗ ដែល​អ្នក​ធ្លាប់​ទទួលបាន ឬ​និយាយ​ពី​អត្ត​ច​រឹត​អ្នក ជា​មនុស្ស​ប្រភេទ​ណា ដើម្បី​ទាក់ទាញ​អ្នក​ដែល​សំភាសន៍​អ្នក ឲ្យមាន​ចំណាប់​អារម្មណ៍​លើ​អ្នក​។​
2.​ នៅពេលដែល​គេ​សួរ​អ្នក ពី​មុខ​វិជ្ជា​ណា ដែល​អ្នក​មិន​ពេញចិត្ត​នៅ​សាលា អ្នក​មិន​ត្រូវ​ឆ្លើយ ដោយ​ប្រាប់​មូលហេតុ​ច្បាស់លាស់​ពេក​ទេ អ្នក​ត្រូវ​តែ​ឆ្លើយថា មាន​មុខវិជ្ជា​មួយចំនួន ដែល​អ្នក​មិន​ពេញចិត្ត ប៉ុន្តែ ដោយសារតែ​មិន​ពេញចិត្ត អ្នក​តែងតែ​ខិតខំ​ប្រឹងប្រែង​ស្រាវជ្រាវ លុះ​យូរ​ទៅ មុខវិជ្ជា​ទាំងនោះ ធ្វើឲ្យ​អ្នក​ចូលចិត្ត​ឡើងវិញ​។ នៅពេល​ដែល​អ្នក​ឆ្លើយ​បែប​នេះ នោះ​គេ​នឹង​គិតថា ពេល​ដែល​អ្នក​ជួបនឹង​ការងារ​មិន​ពេញចិត្ត អ្នក​នឹង​ខិតខំ​ធ្វើ ដោយ​មិន​ត្អូញត្អែរ​ឡើយ​។​
3.​ នៅពេលដែល​គេ​សួរ ពី​គុណវិបត្តិ​របស់​អ្នក អ្នក​មិន​ត្រូវ​ឆ្លើយ​ពី​គុណវិបត្តិ​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​តែ​ឆ្លើយ​ពី​គុណ​ស​ម្ប​តិ្ត ហើយ​ទើប​និយាយ​ចូល​គុណវិបត្តិ​បន្តិច ទើប​ចូល​គុណសម្បត្តិ​វិញ នោះ​អ្នក​ដែល​សំភាសន៍​អ្នក នឹង​យល់​ថា អ្នក​ជា​មនុស្ស​ដែល​ឆ្លាត​។​
4.​ នៅពេលដែល​គេ​សួរ​អ្នក ទាក់ទង​នឹង​ថ្នាក់លើ​មុន​របស់​អ្នក និង​មិត្ត​រួម​ការងារ​ចាស់​អ្នក​ថា​តើ អ្នក​មាន​ជំលោះ​នឹង​ពួកគេ ឬទេ​? អ្នក​ត្រូវ​តែ​ស្ងាត់​មួយសន្ទុះ ហើយ​និយាយ​ថា​គ្មានទេ ហើយ​ត្រូវតែ​សរសើ​ពី​ថ្នាក់លើ​ចាស់​របស់​អ្នក ដើម្បីឲ្យ​គេ​គិតថា អ្នក​ជា​មនុស្ស​ដែល​ងាយស្រួល​ចុះសម្រុង ហើយ​មិន​ចេះ​និយាយ​ដើម របស់​ចៅហ្វានាយ​ឡើយ​។​
5.​ គេ​នឹង​អាច​សួរ​អ្នក ទាក់ទង​នឹង​ភាព​បរាជ័យ​នៃ​ការរៀនសូត្រ និង​ការងារ​ចាស់​របស់​អ្នក  ដើម្បី​ចង់​ដឹង​ថា អ្នកចេះ​រៀន​ពី​កំហុស​ទាំងនោះ ឬ​នៅ​។ នោះ​អ្នក​អាច​ឆ្លើយ​ចំណុច ដែល​អ្នក​បរាជ័យ បន្ទាប់មក ឆ្លើយ​ពី​ចំណុច ដែល​អ្នក​ធ្វើឲ្យ​វា​ប្រសើ​រវិញ ហើយ​ថ្ងៃក្រោយ អ្នក​មិន​ប្រព្រឹត្ត​ខុស​ទៀត​ទេ នេះ​ជា​អ្វី​ដែល​អ្នក​សំភាសន៍​អ្នក ចូលចិត្ត​ស្តាប់​បំផុត​៕