អង្គការសហប្រជាជាតិបានបង្ហាញក្តីកង្វល់របស់ខ្លួនកាលពីម្សិលមិញនេះ ចំពោះស្ថានភាពនយោបាយនិងការបង្ក្រាបគណបក្សប្រឆាំងនៅកម្ពុជា។ អង្គការអន្តរជាតិនេះស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យមួយចំពោះការប្រើប្រាស់ហិង្សាលើតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីដើមសប្តាហ៍នេះ។
ក្រោយមានការបរិហារនិងស្នើឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានចាប់ផ្តើមរិះគន់ និងបង្ហាញក្តីបារម្ភចំពោះស្ថានភាពនយោបាយនិងការបង្ក្រាបលើក្រុមប្រឆាំងនៅកម្ពុជាកន្លងមកវិញម្តង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន New York Time។ អង្គការអន្តររដ្ឋាភិបាលនេះ ក៏រំពឹងថារដ្ឋាភិបាលកម្ពុជានឹងរៀបចំការស៊ើបអង្កេតមួយដ៏ឯករាជ្យជុំវិញករណីប្រើប្រាស់ហិង្សាលើក្រុមអ្នកតំណាងរាស្ត្របក្សប្រឆាំងពីររូបកាលពីដើមសប្តាហ៍នេះ និងនាំយកជនទាំងនោះមកកាត់ទោសផងដែរ។
ស្ថាប័នសិទ្ធិមនុស្សអង្គការសហប្រជាជាតិបង្ហាញប្រតិកម្មរបស់ខ្លួនជុំវិញការវាយប្រហារដែលបានកើតឡើងពីថ្ងៃចន្ទ ទី២៦ តុលា ដែលការវាយប្រហារកើតឡើងក្រោយបាតុករដែលគេជឿជាក់ថាជាអ្នកគាំទ្ររដ្ឋាភិបាលប្រហែល២ពាន់នាក់ប្រមូលផ្តុំគ្នាតវ៉ាទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភា។ ថ្ងៃនោះ សមាជិកសភាបក្សសង្គ្រោះជាតិពីរនាក់មានដូចជាលោក គង់ សភា និងលោក ញ៉យ ចំរើន ត្រូវបានជនដៃដល់មួយក្រុមបានប្រើហិង្សាយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកទាំងពីរចេញពីកិច្ចប្រជុំនៅរដ្ឋសភា ។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សRavinaShamdasani បានថ្លែងពីទីក្រុងហ្សឺណែវម្សិលមិញថា៖«យើងព្រួយបារម្ភពីបរិយាកាសនយោបាយកាន់តែអាក្រក់សម្រាប់អ្នកនយោបាយប្រឆាំងនិងក្រុមសកម្មជននៅកម្ពុជា។ រឿងរ៉ាវចាប់ផ្តើមដោយការរំលោភលើស្ថាប័នយុត្តិធម៌ ហើយមកដល់ឥឡូវនេះស្រាប់តែមានការវាយប្រហារនិងរំលោភបំពានលើរូបរាងកាយវិញម្តង។ វាកំពុងតែក្លាយជារឿងគួរឲ្យបារម្ភបំផុតមួយ»។ តំណាងស្ថាប័នសិទ្ធិមនុស្សខាងលើក៏បានស្នើឲ្យមានការស៊ើបអង្កេតដោយឯករាជ្យ ត្រឹមត្រឹមមិនលម្អៀងដើម្បីឈានទៅនាំយកជនបង្កមកកាត់ទោសតាមផ្លូវច្បាប់ថែមទៀត។
អ្នកនាំពាក្យខាងលើក៏ឆ្លៀតរិះគន់កម្ពុជារឿងរំលោភលើស្ថាប័នយុត្តិធម៌ ដោយឃុំខ្លួន ចាប់ខ្លួននិងដាក់ពន្ធនាគារសកម្មជន និងតំណាងរាស្ត្របក្សប្រឆាំងកន្លងមកជាច្រើនករណីផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រោយមានការវាយប្រហារ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញមុខថ្កោលទោសករណីប្រើប្រាស់ហិង្សានេះ ដោយលោកជំរុញឲ្យមានការស៊ើបអង្កេតនិងទាមទារឲ្យមានការចាប់ខ្លួននិងដាក់ទោសជនបង្កឲ្យខានតែបាន៕

L&C Tutor Service is Educational Service Provider to improve human capacity development of their jobs and studies in Cambodia, providing students and Clients within Khmer, Thai, Chinese, Japanese, Korea, English, French and Technology Curriculum. Our clear target are: 1- Qualified Tutor 2-Success Tutor 3-Trust Service 4 - Low Tuition Fee.